អំពីជំងឺ ឃ្លង់

អំពីជំងឺឃ្លង់

ជំងឺឃ្លង់ (ឬជំងឺហង់សិន) គឺជាជំងឺឆ្លងរ៉ាំរ៉ៃដែលបណ្តាលមកពីបាក់តេរី Mycobacterium leprae ដែលប៉ះ ពាល់​ដល់​សរសៃប្រសាទជាយខាង ស្បែក និងភ្នាស ហើយបណ្តាលឲ្យមានពិការភាពធ្ងន់ធ្ងរ។ ជំងឺឃ្លង់គឺជាជំងឺឆ្លង។ បាក់​តេរីជំងឺឃ្លង់ ត្រូវបានចម្លងតាមរយៈផ្លូវដង្ហើម ឬទឹកសំបោរក្នុងពេលប៉ះពាល់ជាមួយអ្នកជំងឺដែល​មិនទាន់បានព្យាបាល។ រយៈពេលនៃការកកើតជំងឺនេះគឺប្រហែលជា៥ឆ្នាំ ប៉ុន្តែរោគ​សញ្ញា​ទាំងនេះ​អាច​ត្រូវការ​រយៈពេលយូររហូត​ដល់២០ឆ្នាំដើម្បីបង្ហាញចេញមកដែលធ្វើឲ្យវាពិបាកក្នុងការកំណត់អត្ត​សញ្ញាណ​អ្នក​ដែល​​រងផល​ប៉ះពាល់​ដោយជំងឺនេះ។

ជំងឺឃ្លង់ក្លាយទៅជាជំងឺមួយដែលបណ្តាលឲ្យពិការនៅពេលមានការខូចប្រព័ន្ធសរសៃប្រសាទជាយខាងលេចឡើងនៅក្នុងភ្នែក ដៃ ឬក៏ជើង។ នៅដំណាក់កាលដំបូងរបស់វា ភាគច្រើនលើស្បែកមានស្នាមសហើយស្ពឹកលើស្នាម ជំងឺនេះ​មិន​បង្ក​ឲ្យ​មាន​បញ្ហាអ្វីទេ ដែលមានន័យថា ជាទូទៅមនុស្សគិតថាស្នាមទាំងនេះជារឿងធម្មតាហើយ​ពន្យារ​ពេល​ស្វែង​រក​ការ​ពិគ្រោះ។ ប៉ុន្តែនេះជាដំណាក់កាលដែលការព្យាបាលដោយថ្នាំអង់ទីប៊ីយ៉ូទិក​ គឺ​មាន​ប្រសិទ្ធ​ភាពបំផុត​ហើយ​អាចទប់ស្កាត់ការចាប់ផ្តើមមានផលវិបាក ដូច្នេះសារៈសំខាន់គឺការលើកកម្ពស់​ការយល់​ដឹងឲ្យ​បាន​ទូលំ​​ទូលាយ តាមដែលអាចធ្វើទៅបានអំពីសញ្ញាដំបូងនៃជំងឺនេះ។

កត្តាជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺនេះ ដូចជា ភាពក្រីក្រ ការខ្វះអនាម័យ និងកង្វះអាហារូបត្ថម្ភ។ មនុស្សម្នាក់ដែលមានសុខភាពល្អដោយមានប្រព័ន្ធការពាររាងកាយមានប្រសិទ្ធភាពខ្ពស់នឹងបំបាត់បាក់តេរីជំងឺនេះ ចេញពីរាងកាយរបស់ពួកគេ។ ដូច្នេះមានទំនាក់ទំនងដ៏ខ្លាំងមួយរវាងជំងឺនិងកម្រិតនៃការអភិវឌ្ឍរបស់ប្រទេស។

ជំងឺឃ្លង់កើតមានករណីថ្មីៗចំនួនប្រហែល ២០០.០០០ ករណីក្នុងមួយឆ្នាំនៅទូទាំងពិភពលោក ​ហើយកំពុងតែ​កកើត​ឡើង​​នៅ​អាស៊ីអាគ្នេយ៍ អាហ្វ្រិក និងអាមេរិកខាងត្បូង។ នៅពេលទុកមិនទទួលការព្យាបាល ជំងឺឃ្លង់នេះអាចនាំឲ្យ​មានការ​ខូចស្បែក សរសៃប្រសាទជាយខាង អវយវៈ និងភ្នែកជាអចិន្ត្រៃយ៍។ ជំងឺក៏អាចបណ្តាលឲ្យបាត់បង់ភាពញ្ញាណដឹង​ទាំង​ស្រុង​លើជើងនិង/ឬដៃផងដែរ។

ការព្យាបាលជំងឺនេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដោយអង្គការសុខភាពពិភពលោក (WHO) និង រួមបញ្ចូល​គ្នា​នូវថ្នាំអង់ទីប៊ីយ៉ូទិកចំនួនបី (ការព្យាបាលដោយប្រើថ្នាំច្រើនមុខ ឬការព្យាបាលបីថ្នាក់)។ រយៈពេល​នៃការ​ព្យាបាលមានភាពខុសគ្នាពី ៦ ទៅ ១២ ខែ ដោយអាស្រ័យលើប្រភេទនៃជំងឺឃ្លង់ (មានបាក់តេរីតិច (paucibacillary) ឬ មានបាក់តេរីច្រើន (multibacillary) ។ ជាអកុសល ក្នុងករណីជាច្រើន អ្នក​ដែល​​ទទួល​រង​ផលប៉ះពាល់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានការយឺតយ៉ាវ បន្ទាប់ពីពួកគេបានទទួលរង​ផលប៉ះ​ពាល់​​​ដោយសារ​ជំងឺនេះដែលអាចបណ្តាលឲ្យពិការ។ ទោះបីជាក្នុងករណីខ្លះ ពួកគេអាចទទួលបានសមត្ថភាព​មួយ​ចំនួន​​មក​​វិញ​ដោយសារការវះកាត់កែឡើងវិញក៏ដោយ ក៏មនុស្សទាំងនេះនៅតែត្រូវទទួលរងពិការភាពមួយជីវិត ហើយ​​ជា​រឿយ​ៗ ត្រូវបានបដិសេធដោយក្រុមគ្រួសារ និងសង្គមរបស់ពួកគេ។ ការព្យាបាលក៏អាចបង្កឲ្យមានផល​ប៉ះ​​ពាល់​​អវិជ្ជ​មានផងដែរ។ អ្នកជំងឺត្រូវបានតាមដានក្នុងអំឡុងពេលព្យាបាលរបស់ពួកគេ។

ការទប់ស្កាត់ជំងឺឃ្លង់ជាបឋមមិនទាន់មាននៅឡើយទេ ដោយសាររបៀបដែលជំងឺនេះត្រូវបានចម្លង និងទទួល​នៅតែ​មិន​ទាន់​បានស្គាល់យ៉ាងច្បាស់ ព្រោះការកកើតជំងឺនេះមានរយៈពេលយូរពេក។ ដូច្នេះទើបតម្រូវឲ្យមានការរកឃើញយ៉ាងឆាប់រហ័សនូវករណីថ្មីៗនិងទទួលបានការព្យាបាលជំងឺនេះទាន់ពេលវេលាដើម្បីបំបាត់ការបញ្ចេញបាក់តេរីពីក្នុងច្រមុះរបស់អ្នកជំងឺដែលមានបាក់តេរីច្រើន។ ដូច្នេះការ​ទប់ស្កាត់​តម្រូវឲ្យមានការផ្សព្វផ្សាយនូវការយល់ដឹងជាអតិបរមាអំពីជំងឺនេះព្រមទាំងការរកឃើញយ៉ាងឆាប់រហ័សនូវករណីថ្មីៗ ក្នុងចំណោម​ប្រជា​ជន និងក្នុងចំណោមអ្នកជំនាញផ្នែកសុខភាព។ ដូច្នេះការបងា្ករពឹងផ្អែក​ភាគ​ច្រើន​​ទៅលើ​ការលើក កម្ពស់ការយល់​ដឹង​​របស់ប្រជាពលរដ្ឋដូចបានចង្អុលបង្ហាញពីមុនៗ ការបណ្ដុះបណា្ដល​បុគ្គលិក​ថែទាំ​​សុខ​ភាព និងការរកឃើញ​សកម្ម​នៅដំណាក់កាលដំបូង។

 

ផែនទីបង្ហាញពីជំងឺឃ្លង់

តំណភ្ជាប់