សកម្មភាព

សកម្មភាព

ការទប់ស្កាត់

បើនិយាយឲ្យប្រាកដទៅ ការរកឃើញជំងឺឃ្លង់មិនមានទេ ដោយសាររបៀបដែលជំងឺនេះត្រូវបានចម្លង​ និងទទួលរង​នៅ​តែមិនទាន់ដឹងច្បាស់លាស់ ដោយសារតែរយៈពេលនៃការបង្ករោគនៃ​ជំងឺនោះ​មានរយៈ​ពេល​យូរខ្លាំង។       មធ្យោបាយមួយដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះគឺតាមរយៈការរកឃើញយ៉ាងឆាប់រហ័សនូវ​ករណី​ថ្មីៗ​និងលទ្ធភាពទទួលបានការព្យាបាលទាន់ពេលវេលា ដើម្បីបញ្ឈប់ការរីករាលដាលដល់អ្នកដទៃ​ និង​ទប់ស្កាត់​ពិការភាព​ធ្ងន់ធ្ងរ​ទាក់ទងនឹងជំងឺនេះ។

ដូច្នេះ ការទប់ស្កាត់តម្រូវឲ្យមានការលើកកម្ពស់ការយល់ដឹងសាធារណៈនៅក្នុងតំបន់ជនបទ និងទីក្រុង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយចំណេះដឹងអំពីជំងឺនេះឲ្យបានទូលំទូលាយដែលអាចធ្វើទៅបាន ព្រមទាំងការបណ្តុះបណ្តាល​បុគ្គលិក​ថែទាំសុខភាព។

ការទប់ស្កាត់ពិការភាព

ដោយសារការខូចសរសៃប្រសាទជាយខាងរបស់ពួកគេមនុស្សដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់អាចធ្វើឲ្យ​ខ្លួន​ពួកគេ​មានរបួស ខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពប្រចាំថ្ងៃ។ បន្ទាប់មក ពួកគេអាចនឹងមានដំបៅ​ធ្ងន់​ធ្ងរ។ ហានិភ័យនេះអាចត្រូវបានកាត់បន្ថយដោយការថែទាំខ្លួនឯងឲ្យបានត្រឹមត្រូវ។ មនុស្ស​ដែល​ទទួលរងផល​​ប៉ះ​ពាល់​ដោយសារជំងឺឃ្លង់ទទួលបានការបណ្តុះបណ្តាលអំពីការថែទាំជាមូលដ្ឋានក្នុងអំឡុងពេលពួកគេស្នាក់​នៅ​​​​​មជ្ឈ​មណ្ឌល​កៀនឃ្លាំង ឬក្នុងអំឡុងពេលបុគ្គលិកថែទាំ​សុខភាព​ចុះ​ត្រួត​ពិនិត្យ។

ការបណ្តុះបណ្តាលពីការថែទាំដោយខ្លួនឯង រួមមានការធ្វើលំហាត់ប្រាណ ការរៀនពីជំហានសាមញ្ញ​ដើម្បី    ព្យា​បាល​​​មុខ​​របួស ការធ្វើសកម្មភាពប្រចាំថ្ងៃ ដូចជាការចម្អិនអាហារ ឬការដាំដំណាំប្រកបដោយសុវត្ថិភាព។

ការបណ្តុះបណ្តាលទាំងនេះរួមមាន៖

  • ការវាយតម្លៃរាងកាយដោយអ្នកឯកទេសព្យាបាលដោយចលនា
  • ការបង្ហាត់ពីការថែទាំដោយខ្លួនឯង និងលំហាត់ប្រាណជាក់ស្តែងដែលផ្ដោតទៅលើភ្នែក ជើង និងដៃ
  • ការអនុវត្តការប្រើឧបករណ៍ និងសម្ភារចាំបាច់ក្នុងជីវិតប្រចាំថ្ងៃដើម្បីជៀសវាងការរងរបួស
  • ចែកចាយស្បែកជើងនិងសម្ភារសមស្របផ្សេងៗ (ស្រោមដៃ វ៉ែនតា) ។
  • អ្នកចូលរួមនីមួយៗទទួលបានកូនសៀវភៅគំនូរដែលសង្ខេបព័ត៌មានទាំងអស់ដែលបានផ្តល់ឲ្យក្នុង អំឡុងពេលបណ្តុះបណ្តាល។

សកម្មភាពបណ្តុះបណ្តាលទាំងនេះត្រូវបានធ្វើឡើងដោយបុគ្គលិកសុខាភិបាលនៅមជ្ឈមណ្ឌលស្តារនីតិ​សម្ប​ទា​កៀនឃ្លាំង។

ការលើកកម្ពស់ការយល់ដឹង

ជំងឺឃ្លង់ក្លាយទៅជាជំងឺមួយដែលបណ្តាលឲ្យពិការនៅពេលមានការខូចប្រព័ន្ធសរសៃប្រសាទលេចឡើងនៅក្នុងភ្នែក ដៃ ឬជើង។ នៅដំណាក់កាលដំបូងរបស់វា ភាគច្រើនស្នាមអុចដែលគ្មានការឈឺចាប់លើស្បែក ជំងឺនេះ​មិន​បង្ក​ឲ្យមានបញ្ហាអ្វីទេ ដែលមានន័យថា មនុស្សជាធម្មតាគិតថាសញ្ញាទាំងនេះជារឿងធម្មតា ហើយ​ពន្យារ​ពេល​ស្វែង​រក​ការពិគ្រោះយោបល់។ ប៉ុន្តែ នេះជាដំណាក់កាលដែលការព្យាបាលដោយថ្នាំអង់ទីប៊ីយ៉ូទិក​ គឺ​មាន​ប្រសិទ្ធភាព​បំផុត ​ហើយ​អាចទប់ស្កាត់ការចាប់ផ្តើមឲ្យមានផលវិបាក ដូច្នេះសារៈសំខាន់នៃការលើកកម្ពស់​ការយល់​ដឹងឲ្យបាន​ទូលំ​ទូលាយតាមដែលអាចធ្វើទៅបានអំពីសញ្ញាដំបូងនៃជំងឺនេះគឺពិតជាចាំបាច់។

នៅប្រទេសកម្ពុជា អាកប្បកិរិយា​ និងការអនុវត្តទាក់ទងនឹងជំងឺឃ្លង់នៅតែមានបញ្ហាប្រឈម និងការហាមប្រា​ម​ជាច្រើន៖

  • សម្រាប់មនុស្សជាច្រើន ជំងឺឃ្លង់នៅតែជាជំងឺតំណពូជ និងមិនអាចព្យាបាលបាន
  • ការរើសអើង និងការមាក់ងាយនៅតែមានជាញឹកញាប់
  • ភាពមិនខ្វល់ខ្វាយ និងភាពទន់ខ្សោយនៅតែមានកម្រិតខ្ពស់នៅក្នុងសេវានានាដែលទទួលបន្ទុកក្នុងការ​ប្រយុទ្ធ​​​ប្រឆាំង​នឹង​ជំងឺឃ្លង់

ដើម្បីជម្នះនូវបញ្ហាប្រឈមទាំងនេះ យុទ្ធសាស្ត្រដូចខាងក្រោមត្រូវបានអនុវត្ត៖

  • ការផ្សព្វផ្សាយសារដែលពន្យល់យ៉ាងច្បាស់ថា ជំងឺឃ្លង់អាចព្យាបាលបាន ហើយការព្យាបាលត្រូវតែចាប់​ផ្តើមធ្វើ​ឲ្យបានឆាប់តាមដែលអាចធ្វើបានដើម្បីជៀសវាងពិការភាព។
  • យុទ្ធនាការដែលអាចមើលឃើញ (រោងល្ខោន​ ទូរទស្សន៍ និងផ្ទាំងរូបភាព) ដែលបង្ហាញ​ពីសញ្ញា​ជំងឺ​ឃ្លង់​នៅលើស្បែកដើម្បីងាយស្រួលរកឃើញនៅដំណាក់កាលដំបូង។
  • យុទ្ធនាការផ្សព្វផ្សាយព័ត៌មានជាទៀងទាត់នៅតាមរោងចក្រកាត់ដេរដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ កម្មករកាត់ដេរទៅលើរោគសញ្ញាណាមួយដែលជាការព្រួយបារម្ភ។

យុទ្ធនាការលើកកម្ពស់ការយល់ដឹងនៅតាមរោងចក្រកាត់ដេរ

ចាប់តាំងពីឆ្នាំ២០០៥ មក មូលនិធិ CIOMAL បានបង្កើតយុទ្ធនាការលើកកម្ពស់ការយល់ដឹងនៅតាម​រោង​ចក្រ​កាត់​​ដេរ។ ពីរដងក្នុងមួយឆ្នាំ ក្រុមការងាររបស់មូលនិធិ CIOMAL រួមជាមួយបុគ្គលិកនៃក្រសួងសង្គមកិច្ច​ និង​កម្ម​វិធី​​​ជាតិលុបបំបាត់ជំងឺឃ្លង់បានចែកចាយឯកសារ និងផ្តល់ការបណ្តុះបណ្តាលដល់រោងចក្រកាត់ដេរចំនួន ១២ ផ្សេង​ៗគ្នាក្នុងពេលនីមួយៗ។ បន្ទាប់មក ជារៀងរាល់ឆ្នាំ​ កម្មករកាត់ដេរចំនួនជិត៣០.០០០នាក់បាន​ចែក​ចាយ​ឯក​សារ​នៅតាមភូមិ និងឃុំរបស់ពួកគេ។

ល្ខោនប្រពៃណី

មូលនិធិ CIOMAL បានសហការជាដៃគូជាមួយក្រុមល្ខោនឯករាជ្យកម្ពុជាដើម្បីការពារនិងផ្សព្វផ្សាយវ​ប្ប​ធម៌​ខ្មែរ​។ គោលគំនិតនៅពីក្រោយភាពជាដៃគូទាំងនេះគឺដើម្បីបង្កើតសេណារីយ៉ូល្ខោនមួយស្តីពីជំងឺឃ្លង់ និងធ្វើការ​សម្តែង​នៅទូទាំងប្រទេសជាពិសេសនៅក្នុងតំបន់ដាច់ស្រយាល។ ការសម្តែងរួមមានល្ខោន របាំនិងតន្រ្តីប្រពៃណី​ខ្មែរ​។ ក្រុមមូលនិធិ CIOMAL ធ្វើដំណើរជាមួយក្រុមល្ខោនដើម្បីកំណត់ករណីថ្មីៗ និងផ្តល់ឲ្យពួកគេ​នូវ​ព័ត៌មាន​ដែល​ត្រឹមត្រូវ។

ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គម

មូលនិធិ CIOMAL ធ្វើយុទ្ធនាការលើកកម្ពស់ការយល់ដឹងសាធារណៈនៅតាមវិទ្យុ ទូរទស្សន៍ និងអ៊ិន ធឺណិត ​ដែល​​គេហ​ទំព័រព័ត៌មានមួយកំពុងបង្កើតឡើង។ មូលនិធិ CIOMAL ក៏បានដាក់ផ្ទាំងផ្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្វផ្សាយនៅទីសាធារណៈ ផង​ដែរ ជាពិសេសនៅខាងក្រោយរម៉ក់ម៉ូតូ (ជាមធ្យោបាយដឹកជញ្ជូនដែលប្រើជាទូទៅបំផុត) ដូច្នេះប្រជាជន​ដឹង​ពី​របៀប​ទាក់ទងក្រុមការងាររបស់មូលនិធិ ប្រសិនបើពួកគេមានការសង្ស័យ។ មូលនិធិ CIOMAL ចូលរួម​យ៉ាង​សកម្ម​​ក្នុងការរៀបចំព្រឹត្តិការណ៍សម្រាប់ទិវាជំងឺឃ្លង់ពិភពលោក​ និងទិវាជនពិការអន្តរជាតិ។

ការរកឃើញ

ទាក់ទងទៅនឹងការរកឃើញដំណាក់កាលដំបូង យើងត្រូវបែងចែកភាពខុសគ្នារវាងការរកឃើញសកម្ម​ និង​ការ​រក​ឃើញអសកម្មនៃជំងឺនេះ។ រហូតមកដល់ឆ្នាំ២០១១ មូលនិធិ CIOMAL បានអនុវត្តគោលនយោបាយអសកម្ម រួម​មាន​យុទ្ធនាការផ្សព្វផ្សាយព័ត៌មាន ការបណ្តុះបណ្តាលបុគ្គលិកដោយព្យាយាមធ្វើសមាហរណកម្មកម្ម​វិធី​របស់​ខ្លួនទៅ​ក្នុង​សេវាសុខាភិបាលជាតិ។ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Novartis នោះ មូលនិធិ CIOMAL បាន​ចាប់ផ្តើមដំណើរការនៅឆ្នាំ២០១១ នូវ"ការតាមដានទំនាក់ទំនង" ដែលជាគម្រោងសាកល្បង​រក​ឃើញ​សកម្ម​មួយ។ ការរកឃើញសកម្មមានតម្លៃប្រហែល១២០ដុល្លារអាមេរិកក្នុងមួយករណី។ វាពិតជាមាន​តម្លៃថ្លៃ​ជាង​ការ​រក​ឃើញអសកម្ម។ ទោះជាយ៉ាងណាក៏ដោយ វាអនុញ្ញាតឲ្យមានការប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ជា​លក្ខណៈ​ប្រព័ន្ធមួយច្រើនថែមទៀត​​។

លើសពីនេះ វិធីសាស្ត្រនេះក៏ផ្តល់លទ្ធភាពក្នុងការ៖

  • រកឃើញនូវករណីជំងឺឃ្លង់ថ្មីៗនៅដំណាក់កាលចាប់ផ្តើមជំងឺ ដើម្បីជៀសវាងការរីករាលដាលដល់អ្នកផ្សេង និង​ទប់ស្កាត់ពិការភាពធ្ងន់ធ្ងរ។
  • បណ្តុះបណ្តាលបុគ្គលិកសុខាភិបាលនៅគ្រប់កម្រិតទាំងអស់
  • លើកកម្ពស់ការយល់ដឹងសាធារណៈដោយផ្ទាល់នៅក្នុងភូមិ
  • ធានាឲ្យមានការតាមដានអ្នកជំងឺ

ស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ

មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) មានគ្រែចំនួន ៥០ និងមានទីតាំងនៅក្នុង​រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង  (KKLRC) គឺជាចំណុចសំខាន់​នៃ​គម្រោងរបស់មូលនិធិ CIOMAL ហើយត្រូវបានគេទទួលស្គាល់ថាជា មជ្ឈមណ្ឌល​នៃឧត្តមភាពដ៏សំខាន់​សម្រាប់​ការព្យាបាលជំងឺឃ្លង់នៅប្រទេសទាំងមូល។ បន្ថែមពីលើការថែទាំសុខភាពដោយឥតគិតថ្លៃសម្រាប់ប្រជាជន​ដែល​រងផលប៉ះពាល់ដោយជំងឺឃ្លង់ និងផលវិបាកនៃជំងឺនេះ មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់ (KKLRC) ផ្តល់ការព្យាបាលដោយចលនា ការពិគ្រោះយោបល់រោគសើស្បែក និងសេវាវះកាត់កែលម្អឡើងវិញ។

នៅក្នុងបរិវេណដែលសាងសង់នៅលើដីដែលផ្តល់ដោយក្រសួងសង្គមកិច្ចនៅជាយក្រុងភ្នំពេញ បន្ថែមលើ សកម្ម​ភាព​ថែទាំនៅមន្ទីរពេទ្យ មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) អនុវត្តសកម្មភាពបង្ហាត់​បង្រៀន និងបណ្តុះបណ្តាលសម្រាប់អ្នកជំងឺ និស្សិតសាកលវិទ្យាល័យ និងអ្នកជំនាញសុខាភិបាល។

មជ្ឈមណ្ឌលនេះក៏មានបន្ទប់វះកាត់ បន្ទប់ព្យាបាល ឱសថស្ថាន និងមន្ទីរពិសោធន៍តូចមួយផងដែរ។ អង្គការ នេះ​មានទីតាំងនៅជាប់នឹងអង្គការចំនួនបីផ្សេងទៀតដែលគាំទ្រដល់ជនពិការ គឺអង្គការ Rose Charities Cambodia (ចក្ខុរោគសាស្ត្រ) និងមជ្ឈមណ្ឌលវះកាត់កុមារ ហើយគួរឲ្យកត់សម្គាល់បំផុត គឺមូលនិធិអតីត​យុទ្ធ​​ជន​កម្ពុជា ​ដែលផលិតអវយវៈសិប្បនិម្មិត។ មូលនិធិ CIOMAL ផ្តល់មូលនិធិ ៨០% ដល់​មុខ​តំណែង​​អ្នក​​ផលិត​អវយវៈសិប្បនិម្មិត សម្រាប់អ្នកជំងឺដែលមានជំងឺឃ្លង់ដែលត្រូវការអវយវៈសប្បនិម្មិត។

ការថែទាំវេជ្ជសាស្ត្រដោយឥតគិតថ្លៃ

មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ផ្តល់ការថែទាំវេជ្ជសាស្ត្រសម្រាប់ជំងឺឃ្លង់ក៏ដូច ជា​ប្រតិ​កម្ម​មិនល្អដែលបណ្តាលមកពីជំងឺនេះ និងការព្យាបាលជំងឺនេះដែរ។ ក្រុមគ្រូពេទ្យក៏ធ្វើឲ្យប្រាកដថា ​អ្នកជំងឺ​ប្រើ​វិធី​ព្យាបាល​ដោយប្រើប្រាស់ថ្នាំច្រើនមុខ និងធានាឲ្យមានការតាមដានអ្នកជំងឺ។ រាល់សេវាសុខភាព និង​ការ​ស្តារ​នីតិ​សម្បទាទាំងអស់នៅមជ្ឈមណ្ឌល​ស្តារ​នីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ផ្ដល់ជូនដោយឥតគិតថ្លៃ ​​ រួមទាំង​ចំណាយ​លើការធ្វើដំណើរ និងការស្នាក់នៅ​មជ្ឈ​មណ្ឌល​។

អ្នកជំងឺភាគច្រើនបំផុតមកពីជនបទ និងសង្គមក្រីក្រ។ ថ្លៃចំណាយធ្វើដំណើរទៅមជ្ឈមណ្ឌល​ស្តារ​នីតិ​សម្បទា​ជំងឺ​ឃ្លង់កៀនឃ្លាំង (KKLRC) និងការស្នាក់នៅរបស់ពួកគេនៅមជ្ឈមណ្ឌលធ្វើឲ្យពួកគេ​បាត់បង់ប្រាក់​ចំណូល​យ៉ាង​ខ្លាំង។​ ក្នុងនេះ ក៏មានករណីផ្តល់ប្រឹក្សាពីការដើរហាត់ប្រាណ ​ជូនអ្នកជំងឺដែលកំពុងពិនិត្យព្យា​បាល​ជំងឺឃ្លង់ និងសម្រាប់អ្នកជំងឺដែលមកពិគ្រោះយោបល់ជំងឺសើស្បែកផងដែរ។

ការស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ-វះកាត់

ការស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត-វះកាត់របស់ប្រជាជនដែលទទួលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ រួមមាន៖ ប្រតិ​កម្ម​ថ្នាំ ការរលាកសរសៃប្រសាទជាយខាងដែលបណ្តាលឲ្យបាត់បង់ញ្ញាណដឹង និង មុខងារចលករ និងអសមត្ថភាពក្នុងការបិទត្របកភ្នែក និងនាំអោយមានដំបៅបង្ករោគ។

ចាប់តាំងពីការចាប់ផ្តើមគម្រោងមក មូលនិធិ CIOMAL បានទទួលការទស្សនកិច្ចទៀងទាត់​ពីក្រុម​គ្រូពេទ្យ​វៀត​ណាម​​ដែលដឹកនាំដោយវេជ្ជបណ្ឌិត Khoa ដែលមកធ្វើការវះកាត់ និងវេជ្ជបណ្ឌិត​ ​រី ស៊ីណា ជាវេជ្ជ​បណ្ឌិត​វះ​កាត់​​កម្ពុជា​​ដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសបារាំង។ វេជ្ជបណ្ឌិត​ ​រី ស៊ីណា បានធ្វើការវះកាត់​នៅ​មន្ទីរ​ពេទ្យ​ភ្នំពេញ  គឺការវះកាត់កែសម្ផស្ស និងវះកាត់កែឡើងវិញ ​ហើយវេជ្ជបណ្ឌិត​ ​រី ស៊ីណា ក៏បានមកមជ្ឈមណ្ឌល​ស្តារ​​នីតិ​សម្បទា​ជំងឺ​ឃ្លង់កៀនឃ្លាំង (KKLRC) ដើម្បីធ្វើការវះកាត់លើ​អ្នកជំងឺ​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​ឃ្លង់ផង    ដែរ​​​។

សមត្ថភាពក្នុងការធ្វើការវះកាត់កែលម្អឡើងវិញនៅនឹងកន្លែង​ពង្រឹងបន្ថែមនូវកេរ្ដិ៍ឈ្មោះរបស់មជ្ឈមណ្ឌល​ស្តារ​នីតិ​ស​ម្ប​​​ទា​​ជំងឺ​ឃ្លង់កៀនឃ្លាំង(KKLRC) ជាមជ្ឈមណ្ឌលនៃឧត្តមភាពដែលគ្របដណ្តប់លើអន្តរាគមន៍ទាំងអស់​ដែល​​ចាំ​បាច់​ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងករណីជំងឺឃ្លង់។ ការស្នាក់នៅមន្ទីរពេទ្យជាមធ្យមប្រហែល៥០ថ្ងៃ ហើយ​អ្នក​ជំងឺ​ដែលទទួលការវះកាត់ទទួលបានការព្យាបាលដោយចលនាយ៉ាងហោចណាស់៣សប្តាហ៍។ ក្នុងអំឡុង​ពេល​ការស្នាក់នៅរបស់ពួកគេ អ្នកជំងឺអនុវត្តតាមការបណ្តុះបណ្តាលស្តីពីការថែទាំពិការភាពដោយខ្លួនឯង ក៏​ដូច​ជា​​អក្ខរកម្ម និងសូម្បីតែថ្នាក់ព័ត៌មានវិទ្យាផងដែរ។ ពួកគេចូលរួមក្នុងសកម្មភាពសង្គម ទិវាជំងឺ​ឃ្លង់​ពិភព​លោក និង ទិវាជនពិការអន្តរជាតិ និងមានឱកាសកសាងជំនាញវិជ្ជាជីវៈ។

ដោយសារតែពិការភាព និងតម្រូវការរបស់អ្នកជំងឺម្នាក់ៗមានភាពខុសគ្នា នោះបុគ្គលិករបស់មជ្ឈមណ្ឌល​ស្តារ​​នីតិ​សម្បទា​ជំងឺ​ឃ្លង់កៀនឃ្លាំង (KKLRC) ត្រូវធ្វើឲ្យប្រាកដថា អ្នកជំងឺគ្រប់រូបទទួលបានការថែទាំ​តាម​លក្ខណៈ​បុគ្គល​នីមួយៗ។ មជ្ឈមណ្ឌលនេះក៏បានផ្តល់ជូនផងដែរនូវអវយវៈសិប្បនិម្មិត ស្បែកជើងការពារជើង ស្រោម​​ដៃ និងវ៉ែនតា។

វគ្គព្យាបាលដោយចលនាក៏ត្រូវបានផ្តល់ជូនផងដែរ ដើម្បីជួយឲ្យអ្នកជំងឺទទួលបានឡើងវិញ​នូវការចល័ត អវយវៈ ឬ សម្រាប់ការ​រៀបចំមុន និងក្រោយការវះកាត់។

ការពិគ្រោះយោបល់អំពីជំងឺសើស្បែក

មជ្ឈមណ្ឌលកៀនឃ្លាំងមានអ្នកឯកទេសខាងជំងឺសើស្បែក ដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេស វៀត​ណាម គឺលោកស្រីវេជ្ជបណ្ឌិត ម៉ូលីវ៉ា។ ហេតុដូច្នេះហើយមជ្ឈមណ្ឌល​ស្តារ​​នីតិសម្បទា​ជំងឺ​ឃ្លង់កៀនឃ្លាំង (KKLRC) អាចផ្តល់ជូនប្រជាជនទាំងអស់ក្នុងរាជធានីភ្នំពេញនូវការពិគ្រោះយោបល់សម្រាប់​អ្នកជំងឺដែល​មាន​បញ្ហា​សើ​ស្បែកដែលមិនទាក់ទងទៅនឹងជំងឺឃ្លង់ ពោលគឺមាន ៧៦% នៃការពិគ្រោះយោបល់។

ការធ្វើឲ្យការពិគ្រោះយោបល់មានលក្ខណៈទូទៅ សម្រាប់បញ្ហាស្បែកណាមួយអាចធ្វើឲ្យ​មាន​ការ​រកឃើញ​នូវករណីជំងឺឃ្លង់ដែលមានសក្តានុពលក្នុងបរិបទនៃការពិគ្រោះយោបល់ដែលគ្មានការរើសអើង​ ពីព្រោះ​វាមិន​មាន​លក្ខណៈជាក់លាក់​ចំពោះជំងឺឃ្លង់ឡើយ។ ដូច្នេះការសម្របសម្រួលការទទួលបានការពិគ្រោះ​យោបល់​អំពីជំងឺ​សើស្បែកគឺជាមធ្យោបាយមួយដ៏​មាន​ប្រសិទ្ធ​ភាព​ដើម្បីរួមចំណែកដល់ការរកឃើញជំងឺឃ្លង់។ ការពិគ្រោះ​យោបល់​បែបនេះក៏ផ្តល់នូវឱកាសដើម្បី​ផ្សព្វ​ផ្សាយ​​ព័ត៌មានអំពីជំងឺនេះដល់អ្នកជំងឺ និងសាច់ញាតិរបស់ពួកគេ​ផង​ដែរ។

រោងជាងផលិតស្បែកជើង និងរណបបែបទំនើប

មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មជនពិការហង់សិនគៀនឃ្លាំង ឥឡូវមានរោងជាងផលិតស្បែកជើងនិងរណបបែបទំនើបសំរាប់ជនមានពិការភាពដោយហង់សិននៅកម្ពុជា។​​ រោងជាងរបស់យើងមានបុគ្គលិកប្រកបដោយវិជ្ជាជីវដែលបានបញ្ចប់ការបណ្តុះបណ្តាលជំនាញរយះពេល២ឆ្នាំមកពីទីក្រុងហាណូយប្រទេសវៀតណាម។

គោលបំណងនៃការបើកអោយមានរោងជាងផលិតស្បែកជើងនិងរណបបែបទំនើបនេះឡើងគឺសំរាប់ជួយដល់ជនមានពិការភាពដោយហង់សិននៅកម្ពុជា ដើម្បីជួយការពារពីកាខូចទ្រង់ទ្រាយដើម ដំបៅ និងជួយកែរកំហូចរាងហើយអាចអោយពួកគាត់បានស្រួលដើរឡើងវិញ។ រោងជាងផលិតស្បែកជើង រណបរនិងសេវាកម្មប្រភេទជើងដែលមានបញ្ហារដូចជា ប៉ូលីយ៉ូ ជើងខ្វេ ជើងខ្លីវែងក្រោម១៥cm ធ្លាក់ប្រអប់កជើង ប្រអប់ជើងកាត់មួយកំណាត់ ប្រអប់ជើងអស់ម្រាម បញ្ហាបាតជើង និងឈឺសរសៃដោយសារតែប្រើប្រាស់ស្បែកជើងចង្អៀត និងបញ្ហាដទៃទៀត។ល។

រោងជាងផលិតស្បែកជើង រណបនិងសេវកម្មរបស់យើងមានម៉ាស៊ីនទំនើបដូចជា ម៉ាស៊ីនសង្កត់ពុម្ភ សង្កត់បាត និងម៉ាស៊ីនខាត់ជាដើម។

ការស្តារនីតិសម្បទាសង្គមកិច្ច

គោលបំណង

  • ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រជាមួយនឹងដំណោះស្រាយក្នុងស្រុក និងប្រកបដោយចីរភាព
  • ជួយឱ្យប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ធ្វើសមាហរណកម្មចូលក្នុងសហគមន៍របស់ពួកគេវិញ
  • ផ្តល់ជូនប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់នូវឱកាសដើម្បីទទួលបាននូវការបណ្ដុះបណ្ដាល (ទាំងជំនាញវិជ្ជាជីវៈ និងការអប់រំ) ឬក៏បង្កើតសកម្មភាពសេដ្ឋកិច្ច

សកម្មភាព

  • អាហារូបករណ៍សម្រាប់កុមារអាយុតិចជាងគេ៖ កុមារដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ ឬរស់នៅ​ជាមួយគ្រួសារដែលមានឪពុកម្តាយដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់
  • ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់មនុស្សពេញវ័យ
  • ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការបង្កើតនូវសកម្មភាពសេដ្ឋកិច្ច (ការចិញ្ចឹមជ្រូក ឬមាន់ ហាងលក់ចាប់ហួយ​តូចៗ ជាដើម)
  • ការគាំទ្រផ្នែកសេដ្ឋកិច្ចសម្រាប់ជនពិការ ឬជនដែលងាយរងគ្រោះបំផុត (ការគាំទ្រផ្នែកអាហារ ឬ​ការសាងសង់លំនៅឋាន)

កម្មវិធីស្ដារនីតិសម្បទាសេដ្ឋកិច្ច និងសង្គមដែលមូលនិធិ CIOMAL បានអនុវត្ត​ផ្តល់ឲ្យអ្នក​ជំងឺ​​ឃ្លង់​និងសាច់ញាតិរបស់ពួកគេស្ដារឡើងវិញនូវស្ថានភាពហិរញ្ញវត្ថុ និងសង្គម។ មូលនិធិ CIOMAL ផ្តល់​ជូន​ដល់អតីតអ្នកជំងឺនូវជំនួយហិរញ្ញវត្ថុ ដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ដូចជាការចិញ្ចឹមជ្រូក ការដាំ​ដំ​ណាំ​សម្រាប់​លក់នៅទីផ្សារ ហាងលក់ទំនិញ ឬភោជនីយដ្ឋានតូចៗ ការកែច្នៃសំណល់។ ប្រាក់កម្ចីជាទូទៅមាន​ចំនួន​ពី១៥០ ទៅ​៣០០ដុល្លារអាមេរិក ហើយផ្តល់ឱកាសឲ្យប្រជាពលរដ្ឋទាំងនេះបានរស់នៅ​ដោយ​ឯក​រាជ្យ លូតលាស់ និងចាប់ផ្តើម​គ្រួសារ។

ក្រោមកម្មវិធីនេះ កិច្ចសន្យាកម្ចីស្តារនីតិសម្បទាត្រូវបានបង្កើតឡើងរវាងមូលនិធិ CIOMAL និងអ្នកជំងឺ។   ខ​សន្យា​​សំខាន់ចំនួនពីរគឺ៖ អ្នកជំងឺត្រូវតែថែរក្សាខ្លួនឯង  អនុវត្តតាមការណែនាំផ្នែកវេជ្ជសាស្រ្តនិងសុខភាពរបស់ មូលនិធិ CIOMAL ហើយគាត់ត្រូវតែសងប្រាក់កម្ចីនោះក្នុងអំឡុងពេលសមហេតុផលមួយ ទើបប្រាក់នេះអាច​ត្រូវបាន​ផ្ទេរ​ទៅឲ្យអ្នកផ្សេងទៀតបាន។ តាមរយៈការចុះត្រួតពិនិត្យជាទៀងទាត់ បុគ្គលិកមូលនិធិ CIOMAL តាមដាន​ការរីក​ចម្រើនរបស់អ្នកទទួលផល និងផ្តល់ឲ្យពួកគេនូវជំនួយសមរម្យ។

បន្ថែមពីលើការងារសង្គមនេះ ក្រុមបុគ្គលិកមូលនិធិក៏ផ្តល់ការគាំទ្រផ្នែកចិត្តសាស្រ្តដើម្បីជួយអ្នកជំងឺ​ក្នុងការ​ស្ដារ​ទំនុក​ចិត្ត​ខ្លួន​ឯង​ឡើងវិញ និងជម្នះបញ្ហាប្រឈមនានាទាក់ទងនឹងការរើសអើង។ ការចុះត្រួតពិនិត្យ ទាំងនេះ​ក៏ផ្តល់ឱកាសដើម្បីពិនិត្យសុខភាពអ្នកជំងឺ កំណត់រកករណីថ្មីៗដ៏មានសក្តានុពលក្នុង​ចំណោម​សាច់ញាតិ និងមិត្តភក្តិរបស់ពួកគេ តាមរយៈការទប់ស្កាត់ដោយរំឭកដល់សហគមន៍អំពីលក្ខណៈនៃជំងឺនេះ។

ការកសាង/បណ្តុះបណ្តាលសមត្ថភាព

ការបណ្តុះបណ្តាល

ការបណ្តុះបណ្តាលមានវត្តមាននៅក្នុងគម្រោងរបស់មូលនិធិ CIOMAL ទាំងអស់ និងតំណាងឲ្យសកម្មភាព​ សំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់។ ការបណ្តុះបណ្តាលទាំងនេះគឺសម្រាប់អ្នកឯកទេស អ្នកជំនាញ        ក្នុង​ស្រុក និស្សិត និងអ្នកជំនាញនាពេលអនាគត ក៏ដូចជាអ្នកជំងឺផងដែរ។

ក្រុមការងារពហុជំនាញរបស់មូលនិធិ CIOMAL ក៏ទទួលបានការបណ្តុះបណ្តាលប្រចាំឆ្នាំគឺគ្រូពេទ្យវះកាត់ បរទេស​ដែល​ធ្វើអន្តរាគមន៍ក្នុងអំឡុងពេលវះកាត់អ្នកជំងឺនោះបណ្តុះបណ្តាលគ្រូពេទ្យវះកាត់ក្នុងស្រុក។ បុគ្គលិក របស់​កម្ម​វិធី​​ជាតិកំចាត់ជំងឺឃ្លង់ក៏ទទួលបានការបណ្តុះបណ្តាលនៅគ្រប់កម្រិតផងដែរ។

មជ្ឈមណ្ឌល​ស្តារ​​នីតិសម្បទា​ជំងឺ​ឃ្លង់កៀនឃ្លាំង (KKLRC) ត្រូវបានទទួលស្គាល់​ជាមជ្ឈមណ្ឌលបណ្តុះ​បណ្តាលនៃឧត្តមភាពមួយនៅក្នុងប្រទេសកម្ពុជា

ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនោះ បច្ចេកទេសព្យាបាល និង សកម្ម​ភាព​​ជាក់ស្តែង គឺការរៀនសូត្រដោយការអនុវត្ត ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សានៅ​សាកលវិទ្យាល័យ​របស់​និស្សិត។ និស្សិតឆ្នាំទី ៥ ផ្នែកវេជ្ជសាស្ត្រ និងការព្យាបាលដោយចលនាបានចូលរួមក្នុងថ្នាក់នេះ ដែលធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌលកៀនឃ្លាំងរយៈពេលជាង ១០ ថ្ងៃ និង ៣ ម៉ោងក្នុងមួយថ្ងៃ។

 

អ្នកគ្រប់គ្រងជំងឺឃ្លង់ថ្នាក់ខេត្ត និងស្រុកក៏ទទួលបានការបណ្តុះបណ្តាលនេះផងដែរ។ មូលនិធិ CIOMAL បានរួមចំណែកដល់ការបណ្តុះបណ្តាលអ្នកឯកទេសផ្នែកជំងឺសើស្បែកដែលបានទទួលការបណ្តុះបណ្តាលនៅ ប្រទេសវៀតណាមគឺវេជ្ជបណ្ឌិត ម៉ូលីវ៉ា ដែលបច្ចុប្បន្នទទួលបន្ទុកពិគ្រោះយោបល់ជំងឺសើស្បែកនៅមជ្ឈមណ្ឌល​ស្តារ​​នីតិសម្បទា​ជំងឺ​​ឃ្លង់​កៀនឃ្លាំង (KKLRC)។ លោកស្រីបានចូលរួមក្នុង​ការបណ្តុះបណ្តាល​គ្រូពេទ្យ​ជំនាញ​​ជំងឺ​សើ​ស្បែក​នៅ​ភ្នំពេញ ព្រមទាំងការបង្រៀនដល់និស្សិតផងដែរ។

វេជ្ជបណ្ឌិត ស៊ីណា អ្នកឯកទេសផ្នែកវះកាត់កែលម្អ បានទទួលការបណ្តុះបណ្តាល​ ហើយបន្ត​ទទួល​បាន​​អត្ថប្រយោជន៍ជំនាញឯកទេសពីគ្រូពេទ្យវះកាត់ដែលមកធ្វើការវះកាត់នៅមជ្ឈមណ្ឌល​ស្តារ​​នីតិសម្បទា​ជំងឺ​ឃ្លង់​កៀនឃ្លាំង (KKLRC)។ ដូច្នេះ គាត់អាចអភិវឌ្ឍជំនាញល្អបំផុតស្របតាមលក្ខណៈជាក់លាក់នៃជំងឺឃ្លង់។

មូលនិធិ CIOMAL ផ្តល់ជូនអ្នកជំងឺព្រមទាំងសមាជិកសកម្ម​នៃក្រុមការងាររបស់មជ្ឈមណ្ឌល​ស្តារ​​នីតិ​សម្បទា​​ជំងឺ​ឃ្លង់​កៀនឃ្លាំង (KKLRC) នូវការបណ្តុះបណ្តាលលើវិស័យផ្សេងៗជាច្រើន ។ អ្នកខ្លះក្លាយជាបុគ្គលិក ពេញ​សមត្ថភាព និងធ្វើការរួមចំណែកផ្ទាល់ខ្លួនរបស់​ពួក​គេចំពោះការបណ្តុះបណ្តាលការថែទាំដោយខ្លួនឯង ឬ​អក្ខរ​កម្ម ការ​ផ្តល់ប្រឹក្សា និងការជួយអ្នកជំងឺឃ្លង់ឲ្យមាន​ទំនុក​ចិត្តលើខ្លួនឯងឡើងវិញកាន់តែខ្លាំង។

ក្រុមការងារពហុជំនាញរបស់មូលនិធិ CIOMAL គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរយៈពេលវែងមួយ​ដែល​អនុ​ញ្ញាតឲ្យសមាជិកនីមួយៗទទួលបាននូវចំណេះដឹងជាក់លាក់ ស្របតាមការរក្សានូវចក្ខុវិស័យដែលមាន ទាំងការ​​​ផ្តោតទូលំទូលាយទៅលើអ្នកជំងឺ។ ក្រុមការងាររបស់មូលនិធិ CIOMAL ចែករំលែក និងផ្លាស់ប្តូរ​ចំណេះ​ដឹង​របស់​ពួក​គេជាមួយបណ្តាប្រទេសដទៃទៀត។

សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាព

សិទ្ធិដែលមិនទទួលរងនូវការរើសអើង គឺជាសិទ្ធិមូលដ្ឋានដែលបានចែងនៅក្នុងសេចក្តីប្រកាសជាសាកល​ស្តីពី​សិទ្ធិ​មនុស្ស និងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ។ នោះក៏ជាករណីសិទ្ធិទទួលបាន​សុខភាព​ និង​ការថែទាំសុខភាព សិទ្ធិទទួលបានការអប់រំ និងសិទ្ធិទទួលបានឱកាសស្មើៗគ្នាសម្រាប់បុរសនិងស្ត្រី។

ការរើសអើងដែលប្រជាជនរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ទទួលរង បានជះឥទ្ធិពលលើទិដ្ឋភាពជាច្រើនលើជីវិត​​របស់ពួកគេដូចជា៖ ការបាត់បង់ការងារ លំនៅឋាន ឬលទ្ធភាពសិក្សា ការបែកបាក់គ្រួសារ។ កូនៗរបស់​ឪពុក​ម្ដាយ​ដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ជារឿយៗត្រូវបានគេបដិសេធ នៅសាលារៀននិងពីសាច់​ញាតិ​របស់​​​​​​​ពួកគេ។ មនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺឃ្លង់អាច ត្រូវបានគេ បដិសេធមិនឲ្យទទួលបាន​ការ​ថែទាំ​​សុខភាព។ នៅក្នុងប្រទេសមួយចំនួនមន្ទីរពេទ្យបដិសេធមិនព្រមទទួល យកពួកគេទេ។

ទាំងនេះគឺជាការរំលោភលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌ដែលធានានូវសិទ្ធិទទួល បាន​ជីវភាពសមរម្យសម្រាប់ខ្លួនឯង និងគ្រួសាររបស់ពួកគេ សិទ្ធិទទួលបានលំនៅឋាន សុខភាព និងការអប់រំ។

នៅឆ្នាំ២០១០ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចពិសេស​មួយ​ជំរុញ​ឲ្យមាន “ការលុបបំបាត់ការរើសអើងប្រឆាំងនឹងប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺឃ្លង់ និងសមាជិក​គ្រួសារ​​របស់​គេ”។ ខណៈដែលបញ្ហានេះត្រូវបានទទួលស្គាល់នៅកម្រិតអន្តរជាតិថាជាបញ្ហាសំខាន់ ​ប៉ុន្តែ​នេះក៏​មិន​មានការអនុវត្តដោយវិធានការចងកាតព្វកិច្ចដែរ។

តាមរយៈយុទ្ធនាការលើកកម្ពស់ការយល់ដឹង និងការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន មូលនិធិ CIOMAL ចូលរួម​ចំណែក​ក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងចំពោះប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់។ មូល​និធិ CIOMAL ខិតខំប្រឹងប្រែងដើម្បីឲ្យប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ត្រូវបាន​គេ​ចាត់ទុក​​​ថា​​ជា​ “ជនពិការ” ដើម្បីផ្លាស់ប្តូរទស្សនៈរបស់សង្គម និងអនុញ្ញាតឲ្យពួកគេចូលក្នុងកម្មវិធីជាតិសម្រាប់ជនពិការ។ តាម​រយៈ​គម្រោងស្ដារនីតិសម្បទាសង្គមកិច្ចរបស់ខ្លួន មូលនិធិ CIOMAL ជួយលើកកម្ពស់ប្រជាជន​ក្រី​ក្រ​ដែល​​ទទួល​រង​ផលប៉ះពាល់ដោយសារជំងឺឃ្លង់ និងសាច់ញាតិរបស់ពួកគេឱ្យចេញពីភាពក្រីក្រដោយផ្តល់ឲ្យពួកគេនូវកន្លែង​ជ្រក​កោន ​ទទួល​បានការអប់រំនិងការបណ្តុះបណ្តាល និងជំនួយហិរញ្ញវត្ថុដើម្បីចាប់ផ្តើមអាជីវកម្មខ្នាតតូច។ តាម​រយៈមធ្យោ​បាយ​នេះ មូលនិធិ CIOMAL ចូលរួមក្នុងការប្រយុទ្ធទាមទារសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្ប​ធម៌​ដែលជា​សិទ្ធិ​មនុស្ស​​​មូលដ្ឋាន រួមមាន សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។