ការរកឃើញ

ការរកឃើញ

ទាក់ទងទៅនឹងការរកឃើញដំណាក់កាលដំបូង យើងត្រូវបែងចែកភាពខុសគ្នារវាងការរកឃើញសកម្ម​ និង​ការ​រក​ឃើញអសកម្មនៃជំងឺនេះ។ រហូតមកដល់ឆ្នាំ២០១១ មូលនិធិ CIOMAL បានអនុវត្តគោលនយោបាយអសកម្ម រួម​មាន​យុទ្ធនាការផ្សព្វផ្សាយព័ត៌មាន ការបណ្តុះបណ្តាលបុគ្គលិកដោយព្យាយាមធ្វើសមាហរណកម្មកម្ម​វិធី​របស់​ខ្លួនទៅ​ក្នុង​សេវាសុខាភិបាលជាតិ។ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Novartis នោះ មូលនិធិ CIOMAL បាន​ចាប់ផ្តើមដំណើរការនៅឆ្នាំ២០១១ នូវ"ការតាមដានទំនាក់ទំនង" ដែលជាគម្រោងសាកល្បង​រក​ឃើញ​សកម្ម​មួយ។ ការរកឃើញសកម្មមានតម្លៃប្រហែល១២០ដុល្លារអាមេរិកក្នុងមួយករណី។ វាពិតជាមាន​តម្លៃថ្លៃ​ជាង​ការ​រក​ឃើញអសកម្ម។ ទោះជាយ៉ាងណាក៏ដោយ វាអនុញ្ញាតឲ្យមានការប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ជា​លក្ខណៈ​ប្រព័ន្ធមួយច្រើនថែមទៀត​​។

លើសពីនេះ វិធីសាស្ត្រនេះក៏ផ្តល់លទ្ធភាពក្នុងការ៖

  • រកឃើញនូវករណីជំងឺឃ្លង់ថ្មីៗនៅដំណាក់កាលចាប់ផ្តើមជំងឺ ដើម្បីជៀសវាងការរីករាលដាលដល់អ្នកផ្សេង និង​ទប់ស្កាត់ពិការភាពធ្ងន់ធ្ងរ។
  • បណ្តុះបណ្តាលបុគ្គលិកសុខាភិបាលនៅគ្រប់កម្រិតទាំងអស់
  • លើកកម្ពស់ការយល់ដឹងសាធារណៈដោយផ្ទាល់នៅក្នុងភូមិ
  • ធានាឲ្យមានការតាមដានអ្នកជំងឺ​ (KKLRC) ផ្តល់ការព្យាបាលដោយចលនា ការពិគ្រោះយោបល់រោគសើស្បែក និងសេវាវះកាត់កែលម្អឡើងវិញ។

នៅក្នុងបរិវេណដែលសាងសង់នៅលើដីដែលផ្តល់ដោយក្រសួងសង្គមកិច្ចនៅជាយក្រុងភ្នំពេញ បន្ថែមលើ សកម្ម​ភាព​ថែទាំនៅមន្ទីរពេទ្យ មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) អនុវត្តសកម្មភាពបង្ហាត់​បង្រៀន និងបណ្តុះបណ្តាលសម្រាប់អ្នកជំងឺ និស្សិតសាកលវិទ្យាល័យ និងអ្នកជំនាញសុខាភិបាល។

មជ្ឈមណ្ឌលនេះក៏មានបន្ទប់វះកាត់ បន្ទប់ព្យាបាល ឱសថស្ថាន និងមន្ទីរពិសោធន៍តូចមួយផងដែរ។ អង្គការ នេះ​មានទីតាំងនៅជាប់នឹងអង្គការចំនួនបីផ្សេងទៀតដែលគាំទ្រដល់ជនពិការ គឺអង្គការ Rose Charities Cambodia (ចក្ខុរោគសាស្ត្រ) និងមជ្ឈមណ្ឌលវះកាត់កុមារ ហើយគួរឲ្យកត់សម្គាល់បំផុត គឺមូលនិធិអតីត​យុទ្ធ​​ជន​កម្ពុជា ​ដែលផលិតអវយវៈសិប្បនិម្មិត។ មូលនិធិ CIOMAL ផ្តល់មូលនិធិ ៨០% ដល់​មុខ​តំណែង​​អ្នក​​ផលិត​អវយវៈសិប្បនិម្មិត សម្រាប់អ្នកជំងឺដែលមានជំងឺឃ្លង់ដែលត្រូវការអវយវៈសប្បនិម្មិត។