ការថែទាំវេជ្ជសាស្ត្រដោយឥតគិតថ្លៃ
មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ផ្តល់ការថែទាំវេជ្ជសាស្ត្រសម្រាប់ជំងឺឃ្លង់ក៏ដូច ជាប្រតិកម្មមិនល្អដែលបណ្តាលមកពីជំងឺនេះ និងការព្យាបាលជំងឺនេះដែរ។ ក្រុមគ្រូពេទ្យក៏ធ្វើឲ្យប្រាកដថា អ្នកជំងឺប្រើវិធីព្យាបាលដោយប្រើប្រាស់ថ្នាំច្រើនមុខ និងធានាឲ្យមានការតាមដានអ្នកជំងឺ។ រាល់សេវាសុខភាព និងការស្តារនីតិសម្បទាទាំងអស់នៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ផ្ដល់ជូនដោយឥតគិតថ្លៃ រួមទាំងចំណាយលើការធ្វើដំណើរ និងការស្នាក់នៅមជ្ឈមណ្ឌល។
អ្នកជំងឺភាគច្រើនបំផុតមកពីជនបទ និងសង្គមក្រីក្រ។ ថ្លៃចំណាយធ្វើដំណើរទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) និងការស្នាក់នៅរបស់ពួកគេនៅមជ្ឈមណ្ឌលធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូលយ៉ាងខ្លាំង។ ក្នុងនេះ ក៏មានករណីផ្តល់ប្រឹក្សាពីការដើរហាត់ប្រាណ ជូនអ្នកជំងឺដែលកំពុងពិនិត្យព្យាបាលជំងឺឃ្លង់ និងសម្រាប់អ្នកជំងឺដែលមកពិគ្រោះយោបល់ជំងឺសើស្បែកផងដែរ។
ការស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ-វះកាត់
ការស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត-វះកាត់របស់ប្រជាជនដែលទទួលរងផលប៉ះពាល់ដោយសារជំងឺឃ្លង់ រួមមាន៖ ប្រតិកម្មថ្នាំ ការរលាកសរសៃប្រសាទជាយខាងដែលបណ្តាលឲ្យបាត់បង់ញ្ញាណដឹង និង មុខងារចលករ និងអសមត្ថភាពក្នុងការបិទត្របកភ្នែក និងនាំអោយមានដំបៅបង្ករោគ។
ចាប់តាំងពីការចាប់ផ្តើមគម្រោងមក មូលនិធិ CIOMAL បានទទួលការទស្សនកិច្ចទៀងទាត់ពីក្រុមគ្រូពេទ្យវៀតណាមដែលដឹកនាំដោយវេជ្ជបណ្ឌិត Khoa ដែលមកធ្វើការវះកាត់ និងវេជ្ជបណ្ឌិត រី ស៊ីណា ជាវេជ្ជបណ្ឌិតវះកាត់កម្ពុជាដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសបារាំង។ វេជ្ជបណ្ឌិត រី ស៊ីណា បានធ្វើការវះកាត់នៅមន្ទីរពេទ្យភ្នំពេញ គឺការវះកាត់កែសម្ផស្ស និងវះកាត់កែឡើងវិញ ហើយវេជ្ជបណ្ឌិត រី ស៊ីណា ក៏បានមកមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ដើម្បីធ្វើការវះកាត់លើអ្នកជំងឺដែលរងផលប៉ះពាល់ដោយជំងឺឃ្លង់ផង ដែរ។
សមត្ថភាពក្នុងការធ្វើការវះកាត់កែលម្អឡើងវិញនៅនឹងកន្លែងពង្រឹងបន្ថែមនូវកេរ្ដិ៍ឈ្មោះរបស់មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង(KKLRC) ជាមជ្ឈមណ្ឌលនៃឧត្តមភាពដែលគ្របដណ្តប់លើអន្តរាគមន៍ទាំងអស់ដែលចាំបាច់ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងករណីជំងឺឃ្លង់។ ការស្នាក់នៅមន្ទីរពេទ្យជាមធ្យមប្រហែល៥០ថ្ងៃ ហើយអ្នកជំងឺដែលទទួលការវះកាត់ទទួលបានការព្យាបាលដោយចលនាយ៉ាងហោចណាស់៣សប្តាហ៍។ ក្នុងអំឡុងពេលការស្នាក់នៅរបស់ពួកគេ អ្នកជំងឺអនុវត្តតាមការបណ្តុះបណ្តាលស្តីពីការថែទាំពិការភាពដោយខ្លួនឯង ក៏ដូចជាអក្ខរកម្ម និងសូម្បីតែថ្នាក់ព័ត៌មានវិទ្យាផងដែរ។ ពួកគេចូលរួមក្នុងសកម្មភាពសង្គម ទិវាជំងឺឃ្លង់ពិភពលោក និង ទិវាជនពិការអន្តរជាតិ និងមានឱកាសកសាងជំនាញវិជ្ជាជីវៈ។
ដោយសារតែពិការភាព និងតម្រូវការរបស់អ្នកជំងឺម្នាក់ៗមានភាពខុសគ្នា នោះបុគ្គលិករបស់មជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ត្រូវធ្វើឲ្យប្រាកដថា អ្នកជំងឺគ្រប់រូបទទួលបានការថែទាំតាមលក្ខណៈបុគ្គលនីមួយៗ។ មជ្ឈមណ្ឌលនេះក៏បានផ្តល់ជូនផងដែរនូវអវយវៈសិប្បនិម្មិត ស្បែកជើងការពារជើង ស្រោមដៃ និងវ៉ែនតា។
វគ្គព្យាបាលដោយចលនាក៏ត្រូវបានផ្តល់ជូនផងដែរ ដើម្បីជួយឲ្យអ្នកជំងឺទទួលបានឡើងវិញនូវការចល័ត អវយវៈ ឬ សម្រាប់ការរៀបចំមុន និងក្រោយការវះកាត់។
ការពិគ្រោះយោបល់អំពីជំងឺសើស្បែក
មជ្ឈមណ្ឌលកៀនឃ្លាំងមានអ្នកឯកទេសខាងជំងឺសើស្បែក ដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេស វៀតណាម គឺលោកស្រីវេជ្ជបណ្ឌិត ម៉ូលីវ៉ា។ ហេតុដូច្នេះហើយមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) អាចផ្តល់ជូនប្រជាជនទាំងអស់ក្នុងរាជធានីភ្នំពេញនូវការពិគ្រោះយោបល់សម្រាប់អ្នកជំងឺដែលមានបញ្ហាសើស្បែកដែលមិនទាក់ទងទៅនឹងជំងឺឃ្លង់ ពោលគឺមាន ៧៦% នៃការពិគ្រោះយោបល់។
ការធ្វើឲ្យការពិគ្រោះយោបល់មានលក្ខណៈទូទៅ សម្រាប់បញ្ហាស្បែកណាមួយអាចធ្វើឲ្យមានការរកឃើញនូវករណីជំងឺឃ្លង់ដែលមានសក្តានុពលក្នុងបរិបទនៃការពិគ្រោះយោបល់ដែលគ្មានការរើសអើង ពីព្រោះវាមិនមានលក្ខណៈជាក់លាក់ចំពោះជំងឺឃ្លង់ឡើយ។ ដូច្នេះការសម្របសម្រួលការទទួលបានការពិគ្រោះយោបល់អំពីជំងឺសើស្បែកគឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាពដើម្បីរួមចំណែកដល់ការរកឃើញជំងឺឃ្លង់។ ការពិគ្រោះយោបល់បែបនេះក៏ផ្តល់នូវឱកាសដើម្បីផ្សព្វផ្សាយព័ត៌មានអំពីជំងឺនេះដល់អ្នកជំងឺ និងសាច់ញាតិរបស់ពួកគេផងដែរ។
រោងជាងផលិតស្បែកជើង និងរណបបែបទំនើប
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មជនពិការហង់សិនគៀនឃ្លាំង ឥឡូវមានរោងជាងផលិតស្បែកជើងនិងរណបបែបទំនើបសំរាប់ជនមានពិការភាពដោយហង់សិននៅកម្ពុជា។ រោងជាងរបស់យើងមានបុគ្គលិកប្រកបដោយវិជ្ជាជីវដែលបានបញ្ចប់ការបណ្តុះបណ្តាលជំនាញរយះពេល២ឆ្នាំមកពីទីក្រុងហាណូយប្រទេសវៀតណាម។
គោលបំណងនៃការបើកអោយមានរោងជាងផលិតស្បែកជើងនិងរណបបែបទំនើបនេះឡើងគឺសំរាប់ជួយដល់ជនមានពិការភាពដោយហង់សិននៅកម្ពុជា ដើម្បីជួយការពារពីកាខូចទ្រង់ទ្រាយដើម ដំបៅ និងជួយកែរកំហូចរាងហើយអាចអោយពួកគាត់បានស្រួលដើរឡើងវិញ។ រោងជាងផលិតស្បែកជើង រណបរនិងសេវាកម្មប្រភេទជើងដែលមានបញ្ហារដូចជា ប៉ូលីយ៉ូ ជើងខ្វេ ជើងខ្លីវែងក្រោម១៥cm ធ្លាក់ប្រអប់កជើង ប្រអប់ជើងកាត់មួយកំណាត់ ប្រអប់ជើងអស់ម្រាម បញ្ហាបាតជើង និងឈឺសរសៃដោយសារតែប្រើប្រាស់ស្បែកជើងចង្អៀត និងបញ្ហាដទៃទៀត។ល។
រោងជាងផលិតស្បែកជើង រណបនិងសេវកម្មរបស់យើងមានម៉ាស៊ីនទំនើបដូចជា ម៉ាស៊ីនសង្កត់ពុម្ភ សង្កត់បាត និងម៉ាស៊ីនខាត់ជាដើម។