រឿងស្នេហានៅបាត់ដំបង

រឿងស្នេហានៅបាត់ដំបង

ពួកគេរស់នៅក្នុងផ្ទះតូចមួយធ្វើពីឫស្សី និងឈើ ប្រក់ស័ង្កសី។ ជាដំបូង​គ្មានអ្វីបំបែក​គូស្វាមីភរិយា​ស្ងប់​ស្ងាត់​នេះ​បានទេ ក្រៅពីអ្នកជិតខាងរបស់ពួកគេដែលរស់នៅជាយក្រុងបាត់ដំបង។ ក៏​ប៉ុន្តែ លោក ចាម សំណាង និង​ភរិយា​របស់គាត់ឈ្មោះ ស៊ីម រ៉ា មានរឿងមិនធម្មតាមួយ គឺ​ពួក​គេ​ទាំង​ពីរ​នាក់​រង​ប៉ះ​ពាល់ដោយសារជំងឺឃ្លង់។ ប៉ុន្តែ​ពួកគេត្រូវកែប្រែជីវិតប្រចាំថ្ងៃរបស់ពួកគេទៅនឹង​ផល​ប៉ះ​ពាល់ក្រោយ​[ពីជំងឺ​នេះ] ​ដែល​ពួកគេទាំងពីរ​បន្តរស់នៅ​ជាមួយ។

ស៊ីម រ៉ា មានអាយុតិចជាង ១៧ ឆ្នាំនៅពេលរោគសញ្ញាដំបូងនៃជំងឺនេះ ស្នាមអុចពណ៌ស បានលេចចេញ នៅលើ​រាង​កាយរបស់នាង។ នៅឆ្នាំ១៩៩០ នៅពេលដែលនាងរស់នៅក្នុងខេត្តព្រៃវែង។ ប៉ុន្តែ ១៣ ឆ្នាំក្រោយមក វេជ្ជ​បណ្ឌិ​ត​ម្នាក់បានបញ្ជូននាងទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាកៀនឃ្លាំងដែលគ្រប់គ្រងដោយមូលនិធិ CIOMAL និង​​មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។ វាជាទីកន្លែងដែលនាងបានទទួលការវះកាត់ជាច្រើនលើម្រាមដៃរបស់​នាង​ដែលបានក្លាយទៅជាក្រងេងក្រងង់ ព្រមទាំងលើភ្នែករបស់នាង ដោយសារនាងមិនអាចបិទត្របកភ្នែក​របស់​នាង​បានទេ។ ពេលនេះនាងទទួលបានការកម្រើកបានឡើងវិញ ប៉ុន្តែនាងត្រូវប្រុងប្រយ័ត្នខ្លាំងណាស់ ដោយសារ​ផ្នែក​សំខាន់ៗនៃជើងនិងដៃរបស់នាងមិនសូវមានអារម្មណ៍ ដែលមានន័យថា ទោះធ្វើឲ្យខ្លួនឯងរលាក​ឬរង​របួសក៏មិន នាងគ្មានអារម្មណ៍ដឹងដែរ នេះបណ្តាលមកពីជំងឺឆ្លងធ្ងន់ធ្ងរនេះ។

នៅក្នុងមជ្ឈមណ្ឌលកៀនឃ្លាំងដែលនាងបានជួបស្វាមីរបស់នាងឥលូវនេះគឺលោក ចាម សំណាង ដែលត្រូវ​ប្រឈម​មុខនឹងផលវិបាកក្រោយជំងឺកាន់តែធ្ងន់ធ្ងរទៀត។ នៅពេលដែលស្នាមអុចពណ៌សលេចចេញនៅលើខ្លួន​របស់​គាត់នៅពេលគាត់នៅជាកុមារ គាត់ទទួលបានថ្នាំ penicillin ។ នៅឆ្នាំ១៩៩៥ ពិភពលោកទាំង​មូល​របស់​គាត់​រលាយខ្ទេចអស់នៅពេលដែលរោគវិនិច្ឆ័យត្រូវបានរកឃើញ៖ វាជាជំងឺឃ្លង់ ។ ក្រោយមក មុខរបស់គាត់​បានខូច​   ដៃ​របស់គាត់កំបុត ហើយជើងរបស់គាត់សំយុងកម្រើកមិនបានធ្វើឲ្យគាត់មិនអាចដើរបាន។

ឪពុករបស់គាត់បានឮអំពីកៀនឃ្លាំងហើយបានបញ្ជូនគាត់ទៅទីនោះនៅឆ្នាំ២០០០ ។ នៅទីនោះ លោក ចាម សំណាង បានទទួលការវះកាត់ជាច្រើន និងការព្យាបាលអស់រយៈពេល ៥ ឆ្នាំដោយសារគាត់ក៏មានដំបៅ​ជាច្រើន​នៅលើជើងរបស់គាត់ដែលបានវិវត្តបន្ទាប់ពីគាត់បានរងរបួសនៅពេលកំពុងធ្វើការនៅវាលស្រែ។

ថ្វីបើមានសុខភាពមិនល្អក៏ដោយ ក៏លោក ចាម សំណាង បានសម្គាល់ឃើញ ស៊ឹម រ៉ា ជានារីស្អាត និង​ស្រគត់​ស្រគំ នៅក្នុងសាលមន្ទីរពេទ្យ។ បន្ទាប់មក គាត់បានចាប់ផ្តើមចែចង់នាងដោយការយកចិត្តទុកដាក់។ នៅ​ពេល​ដំបូង​ នាងមិនចាប់អារម្មណ៍ ប៉ុន្តែទីបំផុត ស៊ីម រ៉ា ក៏ចុះចាញ់ភាពអត់ធ្មត់ និងសប្បុរសរបស់​​គាត់​។

នៅឆ្នាំ២០០៥ ប្តីប្រពន្ធមួយគូនេះបានតាំងលំនៅឋានក្នុងខេត្តបាត់ដំបង។ កូនប្រុសម្នាក់ឈ្មោះ ចាន់ វិសាល បានកើតដោយការរួមរស់នៅជាមួយគ្នារបស់ពួកគេ។ នៅពេលដំបូង ប្តីប្រពន្ធមួយគូនេះបានរស់នៅជាមួយគ្នា​ដោយ​មិនរៀបការ ប៉ុន្តែប្រជាជនកម្ពុជាជឿថា ប្តីប្រពន្ធដែលមិនរៀបការត្រូវខ្មោចចូលសន្ធិត។ ដូច្នេះ នៅពេល​ដែល​គាត់​មានលទ្ធភាព លោក ចាម សំណាង បានធ្វើពិធីបែបសាសនាមួយជូនប្រពន្ធរបស់គាត់ដើម្បី​កុំឲ្យ​ខ្មោច​បីសាច​ចូល លំនៅឋានរបស់ពួកគេបាន។

ប្តីប្រពន្ធមួយគូនេះកំពុងតែមានកូនមួយទៀតនៅចុងឆ្នាំ២០១៤ ។ អ្នកស្រី ស៊ីម រ៉ា ធ្វើការជាអ្នកសម្អាត​នៅ​មន្ទីរ​ព្យាបាល​ជំងឺរបេងនៅខេត្តបាត់ដំបងដោយទទួលបាន ១៤០ ដុល្លារក្នុងមួយខែ។ លោក ចាម សំណាង ជាអ្នក​រត់​ម៉ូតូ​ឌុប ដោយរកប្រាក់បានប្រហែល ២,៥ ដុល្លារក្នុងមួយថ្ងៃ។

បុគ្គលិកមូលនិធិ CIOMAL ដែលចុះទៅមើលលោក ចាម សំណាង និងអ្នកស្រី ស៊ីម រ៉ា ជាទៀងទាត់​រៀបចំ​ផែន​ការ​ជួយគ្រួសារដោយឧបត្ថម្ភកូនប្រុសរបស់ពួកគេឲ្យទៅសាលារៀន និងសាងសង់លំនៅឋានឲ្យពួកគេ។