ខ្មែរសាមូរ៉ាយមិននឿយហត់នឹងតាមរកជំងឺឃ្លង់

មនុស្សដែលរឹងមាំដូចថ្មហើយមានកម្លាំងខ្លាំងដូចតោ និងបត់បែនដូចដើមឬស្សី។ លោក ចាន់ សារ៉េន ដែល អ្នកមានជីវិតរួចផុតពីជំរំខ្មែរក្រហម បានចំណាយពេលជីវិតរបស់គាត់ដើម្បីស្វែងរករោគសញ្ញាដំបូងនៃជំងឺឃ្លង់ លើស្បែករបស់ប្រជាជនកម្ពុជារាប់ពាន់នាក់ដើម្បីកុំឲ្យពួកគេរងទុក្ខទារុណកម្មនៃជំងឺឆ្លងបណ្តាលឲ្យពិការ៖ ជំងឺឃ្លង់។

លោក ចាន់ សារ៉េន មានដើមកំណើតនៅខេត្តបាត់ដំបង គឺជាបុរសម្នាក់ដែលដឹងពីទឹកដីរបស់គាត់ ជាជនជាតិខ្មែរស្រុកស្រែម្នាក់ដែលអាចសម្របខ្លួនបាន និងអាចទ្រាំទ្រគ្រប់ស្ថានភាពទាំងអស់។ គាត់នៅជាក្មេងជំទង់ម្នាក់ប៉ុណ្ណោះនៅពេលដែលគាត់ត្រូវបានគេចុះឈ្មោះឲ្យធ្វើពលកម្មដោយបង្ខំក្រោមរបបខ្មែរក្រហមពីឆ្នាំ (១៩៧៥-១៩៧៩)។ គាត់បានរត់គេចខ្លួនទៅជំរំជនភៀសខ្លួននៅប្រទេសថៃអំឡុងសង្គ្រាមស៊ីវិលហើយស្នាក់នៅរហូតដល់ឆ្នាំ១៩៩៦។ នៅទីនោះគាត់ត្រូវបានបណ្តុះបណ្តាលជាអ្នកឯកទេសពត់ធ្មេញ និងក្រោយមកជាគិលានុបដ្ឋាយិកា ហើយគាត់ក៏បានសិក្សាភាសាអង់គ្លេសផងដែរ។ ពេលស្ថិតនៅជំរំគាត់បានដឹងអំពីជំងឺឃ្លង់ ដោយសារម្តាយរបស់គាត់មានជំងឺនេះ។

នៅឆ្នាំ១៩៩៤ បន្ទាប់ពីវិលត្រឡប់មកកម្ពុជាវិញ គាត់ត្រូវបានអង្គការ Malteser International ជ្រើសរើសឲ្យបម្រើការងារ ។ ដោយមានភារកិច្ចចែកចាយថ្នាំ Rifampicin ទៅឲ្យអ្នកដែលរងផលប៉ះពាល់ដោយជំងឺឃ្លង់ គាត់ត្រូវធ្វើដំណើរយ៉ាងជ្រៅចូលទៅក្នុងខេត្តដែលរងគ្រោះដោយសង្រ្គាម៖ បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ ក្រចេះ មណ្ឌលគិរី រតនគិរី។ នៅពេលនោះមិនមានផ្លូវថ្នល់ទេ។ យើងទៅដល់ទីនោះតាមទូក។ មានមីននៅគ្រប់ទីកន្លែង ហើយខ្មែរក្រហមបានគ្រប់គ្រង គ្មាននរណាម្នាក់ចង់ទៅតំបន់ទាំងនោះទេ។”

“នៅលើទឹកដីនោះ ខ្ញុំត្រូវបានអមដំណើរដោយមេភូមិ ឬមេឃុំ។ យើងត្រូវឆ្លងកាត់ព្រៃក្រាស់អស់រយៈពេលជាច្រើនថ្ងៃដោយថ្មើរជើង ឬម៉ូតូ គឺម៉ូតូធំៗដែលធ្វើឲ្យមានសំលេងឮៗ ព្រមទាំងគេចអន្ទាក់ឬស្សីផងដែរ ហើយជំងឺគ្រុនចាញ់កំពុងធ្វើទុក្ខខ្ញុំទៀត។ យើងដេកនៅជាមួយជនជាតិភាគតិចនៅពាក់កណ្តាលព្រៃដោយគ្មានមុង។ ពួកគេទាំងអស់សុទ្ធតែជាខ្មែរក្រហម។ រាល់ថ្ងៃ ខ្ញុំរកឃើញករណីជំងឺឃ្លង់ថ្មីៗ។ នៅខេត្តរតនៈគិរីខ្ញុំរកឃើញចំនួន ១៤៦ ករណីក្នុងរយៈពេល៣ខែ។ ជនជាតិភាគតិចមានជំនឿលើវិញ្ញាណមានជីវិតរបស់ពួកគេហើយមិនលេបថ្នាំនោះទេ។ ខ្ញុំត្រូវធ្វើការងារជាច្រើនខែនិងច្រើនឆ្នាំដើម្បីបញ្ចុះបញ្ចូលពួកគេអំពីប្រសិទ្ធភាពរបស់ថ្នាំ rifampicin ។”

លោក សារ៉េន មានការភ័យខ្លាចពីជីវិតរបស់គាត់នៅក្នុងខេត្តរតនគិរី។ “ខ្ញុំបានកំពុងតែឆ្លងកាត់ព្រៃជាមួយនឹង មេភូមិ គឺលោក យី ស៊យ។ អ្នកគ្រប់គ្នាដឹងថា គាត់ជាមេដឹកនាំខ្មែរក្រហមដ៏សំខាន់ម្នាក់។ យើងបានមកដល់ជំរំមួយនៅកណ្តាលព្រៃ។ ខ្ញុំចាប់អារម្មណ៍នឹងភាពស្អាតស្អំ និងអង្គការនៅក្នុងជំរំ។ មានករណីជំងឺឃ្លង់ជាច្រើន ដូច្នេះខ្ញុំបានផ្តល់ថ្នាំ ហើយបន្ទាប់មកយើងបន្តដំណើររបស់យើងទៅមុខទៀត។ នៅពេលខ្ញុំត្រឡប់មកទីប្រជុំជនក្នុងស្រុកវិញ ទើបខ្ញុំដឹងថា លោក យី ស៊យ បាននាំខ្ញុំទៅជំរំយោធាខ្មែរក្រហម។ វាជារឿងដ៏គួរឲ្យភ័យរន្ធត់បំផុតមួយសម្រាប់ខ្ញុំ!”

ទោះបីជាមានជីវិតដ៏រវល់ក៏ដោយ លោក សារ៉េន បានរៀបការនៅឆ្នាំ១៩៩៨ ហើយបន្ទាប់មកបានចូលរួម ជាមួយនឹងមូលនិធិ CIOMAL ដែលគាត់បាននៅជាមួយតាំងពីពេលនោះមក។ “ខ្ញុំបានដឹងយ៉ាងច្បាស់អំពីការមាក់ងាយដែលទាក់ទងនឹងជំងឺនេះតាំងពីក្មេងម្ល៉េះ ដោយសារតែស្ថានភាពរបស់ម្តាយខ្ញុំ។ សាច់ញាត្តិផ្សេងៗទៀតរបស់ខ្ញុំក៏បានរងផលប៉ះពាល់ដោយជំងឺនេះផងដែរ។ ខ្ញុំក៏បានរកឃើញសញ្ញាដំបូងនៅលើស្បែករបស់ខ្ញុំផ្ទាល់ក្នុងឆ្នាំ២០០៨ ប៉ុន្តែខ្ញុំបានព្យាបាលខ្លួនឯងភ្លាមៗ។ ខ្ញុំមិនអាចស្រមៃថាបានធ្វើការងារនៅក្នុងវិស័យផ្សេងទេ។ នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើនៅកម្ពុជា។ ខ្ញុំនៅតែជឿជាក់ថានៅតំបន់ដែលពិបាកទៅដល់ ដូចជា ខេត្តរតនៈគិរី ជំងឺឃ្លង់នៅតែមានវត្តមាននៅឡើយ”។