ការប្រារព្វទិវាជំងឺឃ្លង់ពិភពលោកក្នុងប្រទេសកម្ពុជា

ការប្រារព្វទិវាជំងឺឃ្លង់ពិភពលោកក្នុងប្រទេសកម្ពុជា

នៅប្រទេសកម្ពុជា និងនៅកន្លែងផ្សេងៗទៀត ប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់ដោយសារ​ជំងឺឃ្លង់នៅតែ​បន្ត​ប្រឈម​នឹង​​ការ​បដិសេធពីសង្គម។ជារៀងរាល់ឆ្នាំទិវាជំងឺឃ្លង់ពិភពលោកផ្តល់នូវឱកាស​ក្នុងការរំឭកប្រជាពលរដ្ឋ ដែល​ធ្លាប់​​បាន​ព្យាបាលថា ជំងឺនេះលែងឆ្លងទៀតហើយ។ ដូច្នេះ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៨ ក្រុមការងារមូល​និធិ CIOMAL បានរៀបចំប្រារព្ធពិធីមួយនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) នៅ​រាជ​ធានី​​ភ្នំពេញ។ អតីតអ្នកជំងឺជាង ៦០ នាក់មកពីទូទាំងប្រទេសដើម្បីរាំច្រៀង។ នេះគឺជាសេចក្តីថ្លែងរបស់ពួកគេ។


លោក ឡាន អ៊ុល មកពីស្រុកសូត្រនិគមន៍  ខេត្តសៀមរាប

លោក ឡាន អ៊ុល លែងមានច្រមុះទៀតហើយ។ ដោយសារការអាម៉ាស់ចំពោះស្ថានភាពរបស់គាត់ គាត់តែងតែលាក់ខ្លួនឲ្យឆ្ងាយពីអ្នកដទៃហើយកម្រនិយាយស្តីណាស់។ ក្នុងនាមជាឪពុកដែលមានកូនបីនាក់ គាត់ត្រូវបានបំផ្លាញ​យ៉ាង​រហ័សដោយសារជំងឺឃ្លង់ដែលមានបាក់តេរីច្រើនក្នុងឆ្នាំ២០១៥។ គ្រួសារទាំង​មូល​របស់គាត់​បាន​នាំគ្នាបែរ​ខ្នងដាក់គាត់។ ជំងឺនេះធ្វើឲ្យខូចរូបរាងនិងស៊ីខ្ទេចខ្ទីអស់ធ្វើឲ្យគាត់ធ្លាក់ខ្លួន គ្មានផ្ទះសម្បែង។ ទ្រព្យ​​​​សម្បត្តិតែមួយគត់របស់គាត់ គឺទូកតូចមួយដែលបានក្លាយទៅជាផ្ទះរបស់គាត់ដោយលាក់​ខ្លួននៅក្នុង​គុម្ពោត​ព្រៃ​ដុះតាមមាត់​បឹង​ទន្លេ​សាប។  “ព្រះសង្ឃមកពីវត្តតែងតែយកចំណីអាហារមួយចំនួនមក ជួន​កាល​ឲ្យលុយ​ខ្ញុំ​ទៀត។ ថ្ងៃមួយអ្នកលក់នំប៉័ង​ម្នាក់បាន​ប្រាប់​កាកបាទក្រហម ហើយបន្ទាប់មកក៏បានបញ្ជូន​ខ្ញុំទៅ​មេភូមិ។ គាត់បាន​ទូរសព្ទទៅមូលនិធិ CIOMAL ហើយ​នោះ​ជារបៀបដែលខ្ញុំបានមកដល់មជ្ឈមណ្ឌលស្តារនីតិ​សម្បទា​​ជំងឺ​ឃ្លង់​កៀន​ឃ្លាំង (KKLRC) ដែលខ្ញុំបានទទួល​ការ​ព្យាបាល”។ នៅថ្ងៃទី ២៤ ខែ​មករា​ ឆ្នាំ​ ២០១០ លោក ឡាន អ៊ុល ដែល​នៅ​ ​ព្យា​បាល​នៅមជ្ឈមណ្ឌល​ស្តារ​នីតិ​សម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) បានចូលរួមពិធី​បុណ្យនេះ។ ដោយអ្នក​ជំងឺ​ដែល​ជាមិត្តរបស់គាត់​អូសគាត់ឲ្យរាំលេង គាត់បានរាំលេងពេញមួយរសៀល។ “នៅទីនេះ​ខ្ញុំមានអារម្មណ៍​ថា ខ្ញុំជា​ផ្នែក​​មួយនៃគ្រួសារដ៏ធំមួយ។ គ្មាន​នរណា​​ម្នាក់វិនិច្ឆ័យខ្ញុំទេ។ ខ្ញុំមិនដែលគិតថាខ្ញុំ​នឹងរកឃើញ​បរិយាកាស​ដូច​នេះ​ទេ”។

 

វ៉ាន់ និង ជឿន មកពីខេត្តព្រៃវែង

វ៉ាន់ និង ជឿន សុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺឃ្លង់។ នៅឆ្នាំ២០១៥ នៅពេលដែលគាត់​នៅមជ្ឈ​មណ្ឌល​ស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ដើម្បីទទួលការព្យាបាលដំបៅ លោក វ៉ាន់ បានកត់សម្គាល់​ឃើញ​អ្នក​នាងជឿនដែលជាអ្នកជំងឺដូចគ្នាដែរ។ រំភើបនឹងភាពស្រស់ស្អាតរបស់នារីវ័យក្មេង គាត់មិនអាចឈប់ សំឡឹង​មើល​នាង​បានទេ។ “ខ្ញុំមិនបានដឹងអ្វីទាំងអស់” អ្នកនាងជឿនបាននិយាយទាំងសើច។ នាងទើបតែចាកចេញ ពី​ស្វាមីដែល​ជាមនុស្សហិង្សាម្នាក់។ មួយសប្តាហ៍ក្រោយមក លោកវ៉ាន់ ដែលបានជាសះស្បើយ ហើយក៏​ត្រូវ​ចាក​ចេញ​។ ប៉ុន្តែគាត់អាចសុំបានលេខទូរសព្ទពីសង្សាររបស់គាត់ ហើយបានចាប់ផ្តើមទូរសព្ទទៅរកនាង​ដើម្បី​និយាយ​​ពាក្យ​ផ្អែមល្ហែម។ ដំបូងអ្នកនាង ជឿន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែនាងក៏យល់ព្រមភ្លាមៗ។ គាត់​បាន​​មក​រង់​ចាំ​ខ្ញុំ​ចាកចេញពីមន្ទីរពេទ្យ ហើយខ្ញុំបានទៅនៅជាមួយគាត់ក្នុងខេត្តព្រៃវែង។ ជីវិតមិនងាយ​ស្រួល​ទេ​ជា​រៀង​រាល់​ថ្ងៃ។ យើងត្រូវមើលថែទាំជ្រូក គោ និងមាន់របស់ពួកយើង ប៉ុន្តែយើងស្រឡាញ់និងជួ​យ​គ្នា​។ គូស្នេហ៍ទាំងពីរ​នាក់​នេះ​រាំមិនឈប់ឡើយក្នុងពិធីបុណ្យនេះ។

 

សឿន កៃ ជាសិស្សនៅស្រុកពួក ខេត្តសៀមរាប

ខ្ញុំមានអាយុ ១៥ ឆ្នាំនៅពេលខ្ញុំដឹងថាខ្ញុំមានជំងឺឃ្លង់។ ចំពោះខ្ញុំ ពាក្យនេះមានន័យថាការបដិសេធ​និង ភាព​អាម៉ាស់។ ពិភពលោកទាំងមូលរបស់ខ្ញុំត្រូវបានរលាយខ្ទេចអស់។ ខ្ញុំចង់តែស្លាប់ទេ។ ខ្ញុំក៏ត្រូវបាននាំ​យកទៅ​មជ្ឈ​​មណ្ឌល​ស្តារនីតិសម្បទាជំងឺឃ្លង់កៀនឃ្លាំង (KKLRC) ដើម្បីទទួលបានការព្យាបាល ហើយនោះជាកន្លែង​ដែលខ្ញុំ​​បានរក​ឃើញ​ពិភពលោកថ្មីមួយដែលខ្ញុំមិនធ្លាប់ដឹងសោះថាមាន រហូតទាល់តែដល់ពេលនោះ។ មនុស្សទាំងអស់​នោះគ្មានដៃ​ឬ​ជើង​ ហើយ​ខ្លះទៀតមិនមានមុខផង ប៉ុន្តែពួកគេហាក់ដូចជាមានភាពក្លាហានណាស់! ចំពោះខ្ញុំផ្ទាល់ ខ្ញុំមានជំងឺខូចជើងម្ខាង ដូច្នេះខ្ញុំចាត់ទុកថាខ្លួនឯងមានសំណាង​ហើយបើប្រៀបធៀបជាមួយពួកគាត់​​។ នោះហើយ​ជាពេល​ដែល​ខ្ញុំសម្រេចថា ត្រូវតែគ្រប់គ្រងខ្លួនឯងវិញ។” ដោយសារអាហារូបករណ៍របស់មូលនិធិ CIOMAL កញ្ញា សឿន កៃ អាចបន្តការសិក្សារបស់នាង ប៉ុន្តែនាងត្រូវប្រឈមនឹងការបដិសេធពីសិស្ស​ដទៃទៀតនៅ​សាលា​របស់​នាង​ផង​ដែរ​។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចកាលពី២ឆ្នាំមុន បុគ្គលិកមូលនិធិ CIOMAL បានសម្រេច ចិត្តធ្វើយុទ្ធនាការ​លើកកម្ពស់ការយល់ដឹងនៅសាលារៀន។ ដោយសារការអន្តរាគមន៍របស់គ្រូបង្រៀនរបស់នាង មិត្តភក្ដិរបស់​នាងក៏​បានទទួលក្មេងស្រីម្នាក់នេះវិញ។ ខ្ញុំចង់ក្លាយជាគ្រូបង្រៀន។ ខ្ញុំចង់ចែករំលែករឿងរ៉ាវរបស់ខ្ញុំ ​និងការតស៊ូប្រឆាំងនឹងការមាក់ងាយ[នៃជំងឺឃ្លង់]។ ដោយសំឡេងដ៏ពីរោះរបស់នាង កញ្ញា សឿន កៃ នាងត្រូវបាន ស្នើសុំឲ្យច្រៀង​នៅ​ពិធី​អាពាហ៍ពិពាហ៍។ នៅថ្ងៃទី២៤ ខែមករា នាងបានចូលរួមក្នុងក្រុមតន្រី្តមួយ។ ថ្ងៃនេះមាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់មនុស្សដែលមានជំងឺឃ្លង់។ នៅផ្ទះវិញ ពួកគេមិនហ៊ានរាំបែបនេះទេ ព្រោះពួកគេ ខ្លាច​ត្រូវគេបដិ​សេធ។”